ចំនួន​ភ្ញៀវ​ទេសចរ​ជុំ​វិញ​ពិភពលោក នឹងត្រូវ​ធ្លាក់​ចុះ​ចាប់​ពី ៦០-៨០ ភាគរយ នៅ​ឆ្នាំ ២០២០ នេះ ដោយ​សារ​ការ​រាតត្បាត​វីរុស​កូវីដ ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អង្គការ​ទេសចរណ៍​ពិភពលោក កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ដែល​តួលេខ​​ថ្មី​នេះ គឺ​ខ្ពស់​ជាង​ការ​ព្យាករណ៍​មុនៗ ដោយ​ថែម​ទាំង​ព្រមាន​ថា បើ​សិន​ជាអូសបន្លាយ​កាន់​តែ​យូរ ទឹក​ប្រាក់ខ្ទង់​ទ្រីលាន​ដុល្លារ ការងារ​​ខ្ទង់​រយ​លានកន្លែង​​ក្នុង​វិស័យ​នេះ នឹង​ត្រូវ​បាត់​បង់​។ត្រី​មាស​ទី១ ឆ្នាំ២០២០ ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​របស់​ពិភពលោក បាន​ធ្លាក់​ចុះ​ដល់​ទី ២២% ខណៈ​ត្រឹម​ខែ​មីនា​តែឯង គឺ​ធ្លាក់​ចុះ ៥៧% ដោយ​តំបន់​រងប៉ះពាល់​លឿន​បំផុត មានទ្វីប​អាស៊ី អឺរ៉ុប តែម្តង។ នេះ​ជាការ​អះអាង​របស់​​អង្គការ​ទេសចរណ៍​ពិភពលោក មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ម៉ាទ្រីត ប្រទេស​អេស្ប៉ាញ។វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ និង​បើក​ទាំង​ព្រំដែន​អាកាស ព្រំគោក និង​ទឹក នៃ​បណ្តា​ប្រជាជាតិ​ជាច្រើន​ជុំ​វិញ​ពិភពលោក ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​អន្តរជាតិ ធ្លាក់​ក្នុង​ឱនភាព​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០ មក។ នេះ​បើ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ។ក្រុមហ៊ុន​អាកាសចរណ៍ បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​ក្នុង​ប្រទេស​ចិន​ ចុង​ឆ្នាំ ២០១៩ មក​ម៉្លេះ ធ្វើ​ឲ្យ​ជើង​ហោះ​ហើរ​ជា​ច្រើន​ត្រូវ​ជាប់​គាំង ខណៈ​វិស័យ​សណ្ឋាគារ បដិសណ្ឋារកិច្ច នាវា​ទេសចរណ៍ និង​ប្រតិបត្តិករ​ទេសចរណ៍ កំពុង​ឈាន​ដល់​ការ​ដួល​រលំ​ដោយ​សារ​វិបត្តិ​នៅ​ពេល​នេះ។លោក Zurab Pololikashvili អគ្គលេខាធិការនៃ​អង្គការ​ទេសចរណ៍​ពិភពលោក លើក​ឡើង​ថា ពិភពលោក​ពេល​នេះ កំពុង​ប្រឈម​មុខ​វិបត្តិសេដ្ឋកិច្ច និង​សុខភាព​ធ្ងន់ធ្ងរ​បំផុត។ វិស័យ​ទេសចរណ៍ ក៏​កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ប៉ះ​ពាល់​ដល់​ការងារ​រាប់​លាន ពិសេស​ក្រុម​ប្រតិបត្តិករ​ទេសចរណ៍​ដែល​ពឹង​ផ្អែក​សេដ្ឋកិច្ច​ទាំង​ស្រុង​ពី​វិស័យ​នេះ។អង្គការ​ទេសចរណ៍​ដែល​ជ្រក​ក្រោយ​អង្គការ​សហប្រជាជាតិ​មួយ​នេះ ធ្លាប់​បាន​ព្យាករ​ថា កំណើន​វិស័យ​ទេសចរណ៍​អន្តរជាតិ ឆ្នាំ ២០២០ អាច​កើន​ប្រមាណ ៣-៤ ភាគរយ ប៉ុន្តែ​ការ​ព្យាករណ៍​នេះ ត្រួវការ​កែតម្រូវ​ជាថ្មី​កាល​ពី​ចុង​ខែមីនា ដោយ​បញ្ជាក់​ពី​ឱនភាព​ប្រទេស ២០-៣០ ភាគ​រយ។ប៉ុន្តែ​បើ​មើល​ស្ថានភាព​ជាក់​ស្តែង​នៅ​ពេល​នេះ បើ​ការ​រឹតបន្តឹង​ធ្វើ​ដំណើរ​អូស​បន្លាយ​ដល់​ដើម​ខែកក្កដា វិស័យ​ទេសចរណ៍​អន្តរជាតិ​នឹង​បន្ត​ធ្លាក់​ដល់ទៅ ៥៨% មិន​ខាន ហើយ​បើ​ការ​បិទព្រំ​ដែន និង​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​បន្ត​ដល់​ដើម​ខែ​ធ្នូ វិស័យ​ទេសចរណ៍អន្តរជាតិ នឹង​ធ្លាក់​ដល់ ៧៨% ខណៈ​បើ​ត្រឹមខែ​កញ្ញានោះ អាច​ធ្លាក់​មក​នៅ​ត្រឹម ៧០% ប៉ុណ្ណោះ។ក្រោយ​ស្ថានភាព​នេះ វិស័យ​ទេសចរណ៍​អន្តរជាតិ នឹង​ត្រូវ​ខាត​បង់​ចំណូល​ប្រមាណ ៩១០-១២០០ ពាន់​លាន​ដុល្លារ នឹង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ១០០-១២០ លាន​កន្លែង ក៏​ត្រូវ​បាត់​បង់​ដូចគ្នា៕ដោយPP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ